អាថ៌កំបាំងនៃរូបចម្លងប្រាសាទអង្គរវត្តរបស់ខ្មែរ នៅរាជវាំងក្រុងបាងកក
គ.ស. ឆ្នាំ១៨៦០ មួយផ្នែកធំនៃភាគខាងជើងប្រទេសកម្ពុជា មានដូចជា ខេត្តពោធិសាត់ បាត់ដំបង និង សៀមរាប រួមទាំងតំបន់ប្រាសាទអង្គរ បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់សៀម (ទឹកដីទាំងនោះត្រូវបានសៀមគ្រប់គ្រង ចាប់តាំងពី គ.ស.ឆ្នាំ១៧៩៥ មក ដោយសារមូលហេតុវិបត្តិនយោបាយនៅក្នុងប្រទេសកម្ពុជា) ព្រះចៅមកុដ ស្តេចសៀម (រជ្ជកាល ១៨៥១-១៨៦៨) មានមហិច្ឆតាចង់គាស់រំលីងយកប្រាសាទអង្គរវត្តមកតាំងនៅក្រុងបាងកក ប្រទេសសៀមវិញ ក្នុងបំណងដើម្បីបង្ហាញពីឥទ្ធិពលរបស់សៀមមកលើប្រទេសកម្ពុជា ស្របពេលដែលបារាំងកំពុងតែព្យាយាមដាក់អាណាព្យាបាលលើកម្ពុជា។ ព្រះចៅមកុដ បានបញ្ជារឲមេទ័ពសៀុមដឹកនាំពលទាហាន២០០០នាក់ ដើម្បីទៅគាស់រំលើងប្រាសាទអង្គរវត្ត យកមកបាងកក ប៉ុន្តែមហិច្ឆិតាលោភលន់នេះ មិនបានសម្រេចដូចបំណងឡើង ដោយសារតែវាមិនអាចទៅរួចតាមភាពជាក់ស្តែង ព្រោះប្រាសាទអង្គរវត្តជាសំណង់បុរាណ និង ធំសម្បើមមិនងាយនឹងអាចផ្លាស់ប្តូរទីតាំងងាយៗឡើយ ហើយម្យ៉ាងវិញទៀត ទាហានសៀមជាច្រើននាក់ បានធ្លាក់ខ្លួនឈឺហើយស្លាប់ដោយសារជំងឺចំឡែកៗ (តាមជំនឿដោយសារចាញ់បារមី) និង មួយចំនួនដែលសេសសល់ ត្រូវបានប្រជារាស្រ្តខ្មែរនៅតំបន់នោះខឹងសម្បារ បានវាយឈ្មក់លបចូលកាប់សំលាប់ចោលអស់។


ក្រោយមហិច្ឆតាមួយនេះមិនបានសម្រេច ស្តេចមកុដសៀម ក៏បានបញ្ជារឲគេសាងសង់រូបចម្លងនៃប្រាសាទអង្គរវត្តទៅតាមរចនាបថសៀម ដាក់ក្នុងបរិវេណវត្តព្រះកែវ នៃរាជវាំងក្រុងបាងកកជំនួសវិញ តែមិនបានប៉ុន្មានផងទ្រង់ក៏បានសោយទីវង្គត ដោយព្រះរោគទៅនា គ.ស.ឆ្នាំ១៨៦៨ ទាំងរូបចម្លងនៃប្រាសាទអង្គរវត្តមិនទាន់សាងសង់ហើយ រហូតដល់រជ្ជកាលក្រោយមកនៃ ព្រះចៅជូឡាឡុងកនទើបបញ្ចប់ការសាងសង់។



សព្វថ្ងៃភ្ញៀវទេសចរណ៍អាចទស្សនារូបចម្លងនៃប្រាសាទអង្គរវត្តនេះបាន នៅបរិវេណវត្តព្រះកែវមរកត នៅរាជវាំងស្តេចថៃ នាទីក្រុងបាងកក។ សូមបញ្ជាក់ថានៅព្រះបរមរាជវាំងក្រុងភ្នំពេញសព្វថ្ងៃ ក៏មានរូបចម្លងនៃប្រាសាទអង្គរវត្តផងដែរ តែរូបនេះត្រូវបានកសាងនាសម័យក្រោយមកទេ។

ប្រភព: Siam Royal Chronicles by Lord Minister Thiphakorawong (Kham Bunnag) เจ้าพระยาทิพากรวงศมหาโกษาธิบดี (ขำ บุนนาค)