សម្រាប់អ្នកដែលបាននិងកំពុងតែរង់ចាំចង់ដឹងថាតើរឿង«អាថ៍កំបាំងត្រីសូល៍»ត្រូវបានចាក់ផ្សាយនៅពេលណានោះ ពេលនេះភីអិនអិនបានបង្ហាញពីកាលបរិច្ឆេទចាក់ផ្សាយហើយ ទាំងនៅលើកញ្ចក់ទូរទស្សន៍ និងនៅក្នុងទំព័រហេ្វសប៊ុគផ្លូវការរបស់ខ្លួន ពោលគឺនឹងត្រូវចាក់ផ្សាយចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ។
រឿង «អាថ៍កំបាំងត្រីសូល៍» អ្នកនិពន្ធបានបង្កប់នូវអាថ៍កំបាំងជាច្រើន ពាក់ព័ន្ធនិងត្រីសូល៍ដែលជាវត្ថុស័ក្តិសិទ្ធ នឹងបានបង្កើតជារឿងរ៉ាវ ដែលធ្វើអោយមានការវាយប្រហារគ្នាទៅវិញទៅមក បង្កើតបានជាសាច់រឿងគួរអោយចង់ទស្សនា។
រឿង «អាថ៍កំបាំងត្រីសូល៍» រៀបរាប់អំពីវត្ថុស័ក្តិសិទ្ធមួយដែលមានអត្ថន័យដល់ការកសាង រក្សារ និងបំផ្លាញ ឬមានន័យមួយទៀតគឺ អតីត បច្ចុប្បន្ន អនាគត។ ចុងស្រួចទាំងបីរបស់ត្រីសូល៍គឺជាអាវុធដ៏អស្ចារ្យមួយ នៅពេលចុងស្រួចទាំងបីរួមគ្នាហើយ ទោះបីជាសត្រូវខ្លាំងពូកែយ៉ាងណាក៏មិនអាចផ្តួលរលំបានដែរ។ ថ្ងៃមួយលោកឳក៏បាននិយាយពីរឿងរ៉ាវទាក់ទងនឹងត្រីសូល៍នេះអោយក្មេងៗបីនាក់បានស្តាប់ ពួកគេទាំងបីនាក់ពិតជាចាប់អារម្មណ៍ជាមួយរឿងរ៉ាវទាំងអស់នេះ ហើយគិតថាវាពិតជាមានពិតមែន។
នៅពេលពួកគេធំឡើងពួកគេក៏បានរស់នៅបែកគ្នា និងបានដើរតាមផ្លូវដែលពួកគេស្រឡាញ់ ទីមួយ វិបុល សម្តែងដោយ វៃហាំង បានទៅរៀនហាត់គុន អ្នកទី២ វីរៈ សម្តែងដោយ យឹម ណារ៉ា ធ្វើជាពេទ្យ និងទី៣វ៉ាន់ដេត សម្តែងដោយPeth (ជនជាតិថៃ) បន្លំខ្លួនចូលទៅក្នុងក្រុមបងធំដើម្បីចង់បំបែកសំបុករបស់ក្រុមបងធំ។
បើទោះបីជាពួកគេបានរស់នៅ និងប្រើជីវិតផ្សេងគ្នាក៏ដោយ តែពួកគេនៅមានបំណងប្រាថ្នាតែមួយនោះគឺសងសឹកចំពោះអ្នកដែលបានសម្លាប់លោកឳដើម្បីដណ្តើមយកត្រីសូល៍។
ថ្ងៃមួយពួកគេទាំងបីនាក់បានជួបគ្នាម្តងទៀត និងបានរៀបចំផែនការដើម្បីចាត់ការក្រុមបងធំដែលជាក្រុមនាំយកវត្ថុបុរាណទៅលក់ ក្នុងនោះយុទ្ធនាការដ៏ធំគឺការស្វែងរកត្រីសូល៍។
តើពួកគេទាំងបីនាក់នឹងត្រូវជួបឧបសគ្គបែបណាខ្លះអំឡុងពេលតាមរកត្រីសូល៍?
ចុងបញ្ចប់នៃរឿងតើពួកគេអាចដណ្តើមយកត្រីសូល៍បានមកវិញដោយសុវត្ថភាពដែរទេ?
សូមកុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នាចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៧:៥០នាទីយប់ រៀងរាល់ថ្ងៃចន្ទ-ពុធ បន្ទាប់ពីរឿង «កន្ទោងខៀវ»៕
ទស្សនាឈុតខ្លីសូមចុច៖
អត្ថបទនិងរូបភាព៖ ផ្តល់ដោយភីអិនអិន