កាលពីថ្ងៃទី៦ តុលា ឆ្នាំ២០១៩ កន្លងទៅនេះ នាទីក្រុងពូសាន ប្រទេសកូរ៉េខាងត្បូងមានការចាត់ពិធី 1st Asia Contents Awards លើកទីមួយ រៀបចំដោយ Busan International Film Festival ដែលជាកម្មវិធីប្រមូលផ្ដុំនូវខ្សែភាពយន្តល្បីៗធំបំផុតទូទាំងពិភពលោក មានប្រទេសកូរ៉េខាងត្បូងជាម្ចាស់ផ្ទះអស់រយ:ពេល២៤ឆ្នាំមកហើយ។ កម្មវិធីនេះដែរទើបតែបន្ថែមនូវកម្មវិធី 1st Asia Contents Awards ដែលប្រមូលផ្តុំនូវរឿងភាគទូរទស្សន៍ដែលផលិតក្នុងរយ:ពេល៥ឆ្នាំចុងក្រោយ ពីបណ្តារប្រទេសអាស៊ាន ប្រទេសចិន ប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង តៃវ៉ាន់ សរុបចំនួន១៤ប្រទេស។
ដោយឡែករឿងភាគទូរទស្សន៍ We Are One The Series ដែលធ្លាប់ចាក់ផ្សាយក្នុងទូរទស្សន៍បាយ័ន ត្រូវបានជ្រើសរើសជាតំណាងឲ្យប្រទេសកម្ពុជា សម្រាប់ចូលរួមក្នុងកម្មវិធីនេះផងដែរ។
សង្កេតយើញថាប្រុសស្អាតចាដេត ក៏មានវត្តមានក្នុងកម្មវិធីផងដែរ ដោយដឹកដៃស្រីស្អាតថានិច្ច ជាតារាវ័យក្មេងក្នុងរឿងដែលបានសម្តែងរួមគ្នា ដើរលើកម្រាលព្រំក្រហមជាមួយតារាល្បីៗពីប្រទេសដទៃទៀត ក្នុងបរិយាកាសដ៏អស្ចារ្យ។
ចាដេត បានបង្ហាញចំណាប់អារម្មណ៍ថា “ជាលើកទីមួយដែលមានសំណាងបានចូលរួមក្នុងកម្មវិធីអន្តជាតិ ក៏ដូចជាតំណាឲ្យប្រទេសយើង ជាពិសេសពេលគេប្រកាសឈ្មោះរឿង ឈ្មោះប្រទេស និងសំឡេងហ៊ោរ ស្នូរទះដៃ ពិតជារំភើបពិបាកនឹងថ្លែងណាស់”។
ងាកមកកញ្ញាថានិច្ចវិញ ស្រីស្អាតវ័យ១៧ឆ្នាំ បានឲ្យការថា “ពិតជារំភើបនិងស្រលាំងកាំង ជាមួយកម្មវិធីដ៏ធំបានជួបអាយដលផ្ទាល់ ជាលើកទីមួយក្នុងជីវិត ដោយពីមុនគ្រាន់ជាការស្រមៃ ដោយមិននឹកស្មាន ជាពិសេសគឺមានឋាន:ស្មើគ្នា ជាអ្នកតំណាងឲ្យប្រទេសស្មើៗគ្នា គ្មានការរើសអើងទេ ជាពិសេសបានចែករំលែកបទពិសោធន៍ ហើយក៏អាចនឹងឈានដល់ការធ្វើការរួមគ្នាក្នុងពេលណាមួយផងដែរ”។
សូមអបអរសាទរ ដល់តារាវ័យក្មេងទាំងពីរ ក៏ដូចជារឿងភាគខ្មែរដែលមានឱកាសបង្ហាញដល់លោកខាងក្រៅឲ្យស្គាល់ប្រទេសយើងកាន់តែច្បាស់។
ទស្សនាវីដេអូនៅទីនេះ